អត្ថបទប្រចាំថ្ងៃ (ទី១០៧)
ការបែងចែកអំណាចនៅកម្ពុជាបច្ចុប្បន្ន
(បកប្រែក្រៅផ្លូវការ)

យើងសូមរំលឹកថា គោលការណ៍នៃការបែងចែកអំណាចដាច់ពីគ្នានៃតួនាទីរបស់រដ្ឋ ដែល មានកាលបរិច្ឆេទតាំងពីលោក ឡូក (Locke: 1632-1704) និងលោក ម៉ុងតែសឃ្យើ (Montesquieu: 1689-1755) សំដៅបែងចែកមុខនាទីផ្សេងៗ របស់រដ្ឋ ទៅឲ្យស្ថាប័នរដ្ឋនានា។ គោលបំណង គឺ ដើម្បីគោរពសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ការបែងចែកអំណាចមាន គោលដៅជៀសវាងអំណាចផ្តាច់ការ ហើយការបែងចែកអំណាចនេះ គឺជាកត្តាដ៏សំខាន់នៃលទ្ធិ ប្រជាធិបតេយ្យដែលមានដោយតំណាង !
តើគោលការណ៍បែងចែកអំណាច ឬតួនាទីនៃស្ថាប័នរដ្ឋនានា នៅព្រះរាជាណាចក្រ កម្ពុជាសព្វថ្ងៃ មានលក្ខណៈ ឬចរិតយ៉ាងដូចម្តេច ? រដ្ឋធម្មនុញ្ញ ថ្ងៃទី ២៤-០៩-១៩៩៣ ចែងក្នុង ជំពូកទី៤ មាត្រា៥១ថ្មី និងកថាខ័ណ្ឌទី៤ និងទី៥ ថា “ ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួន តាម រយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជំរះក្តី ” ។ កថាខ៍ណ្ឌទី៥ បន្ថែមសេចក្តីថា “ អំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ”។ ផ្ទុយទៅវិញ ក្នុងទិដ្ឋភាពនៃការពិតរាល់ថ្ងៃ គេកត់សំគាល់ឃើញថា មានព្យាកុលនិយម នៃការអនុវត្តន៍ នៃអំណាច ទំាងបីនេះ ។ យើងសូមផ្តល់បទបង្ហាញ និងធ្វើការសន្យា ដូចតទៅ ៖
I- បទបង្ហាញ និង ព្រឹត្តិការណ៍
ក- ជាបឋម យើងសូមជំរាបជូនថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃមិនជាអ្វីក្រៅតែ ពីអ្នករងគ្រោះ នៃអំណាចទំាងបី (នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ) និងពីអ្នកនយោបាយ ។ មុខងាររបស់ ប្រជាពលរដ្ឋមានភារកិច្ចត្រឹមតែបោះឆ្នោតជ្រើសរើស អ្នកតំណាងរាស្រ្តតែប៉ុណ្ណោះ ដោយមានកិច្ចសន្យាល្អ ឬអាក្រក់គ្រប់បែបយ៉ាង រួចរងគ្រោះដោយការបំពារបំពាន បង្ខិតបង្ខំឲ្យនៅស្ងៀម ស្ងាត់ រហូតដល់ត្រូវគេវាយដំឲ្យរងរបួស ឬស្លាប់ ឬក៏ត្រូវចាប់បញ្ជូនទៅឃុំឃាំងក្នុងពន្ធនាគារ ! ជាមួយនេះដែរ ប្រជាពលរដ្ឋត្រូវគេប្រើប្រាស់ជាឧបករណ៍ ដោយអ្នកនយោបាយ ដែលលោភ លន់ចង់បានអំណាចពីរដ្ឋ សំរាប់ជាប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងប្រយោជន៍គណបក្ស ឬបក្សពួក របស់ខ្លួន ។
ឧទាហរណ៍ថ្មីៗទាក់ទងនឹងព្រឹត្តិការណ៍ខាងលើ មានច្រើនមិនខ្វះទេសំរាប់រំលេច បញ្ជាក់នូវគំនិតរបស់យើង ។
ខ- តើគោលការណ៍នៃការបែងចែកអំណាចនៅជំពួកទី៤ នៃរដ្ឋធម្មនុញ្ញ មានចរិតលក្ខណៈ យ៉ាងដូចម្តេច ?
តាមពិតយើងសង្កេតឃើញថា គោលការណ៍នេះ ពុំមាននោះទេ ដោយមកពី មូលហេតុផ្សេងៗ ៖
-ជាដំបូង គឺមានភាពមិនច្បាស់លាស់ រវាងនីតិបញ្ញត្តិ និងនីតិប្រតិបត្តិៈ គឺគណបក្សនយោ បាយដដែល នេះជាការពិត ផងដែររវាងនីតិប្រតិបត្តិ និងតុលាការ : ពោលគឺជារឿយៗ នីតិប្រតិបត្តិ បញ្ជាទៅតុលាការ ដែលធ្លាប់តែពុករលួយធ្ងន់ធ្ងរ ហើយមិនអាចប្រព្រឹត្តអ្វីក្រៅពីធ្វើតាមបញ្ជា នោះឡើយ ។
-បន្ទាប់មកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏ត្រូវគ្រប់គ្រងដោយអំណាចនីតិប្រតិបត្តិដែរ : ព្រះករុណា ព្រះមហាក្សត្រ ជាព្រះប្រធាន និងអនុប្រធាន គ្មានអ្វីក្រៅពីរដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌ នោះឡើយ។
-នៅទីបញ្ចប់ ចៅក្រមគ្រាន់តែជាសមាជិក ដែលច្រើនជាមន្រ្តីជាន់ខ្ពស់នៃគណបក្ស នយោបាយកាន់អំណាច។
គ- គណបក្សប្រឆាំង ថ្វីបើមានការសន្យារបស់ខ្លួន ដែលបានស្បថស្បែជាមួយប្រជារាស្រ្ត ក្នុងរយៈពេលបោះឆ្នោត និងក្រោយបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៣ ទើបនឹងចូលក្នុងរដ្ឋសភា ហើយមិនមែនក្នុងឋានៈជាគណបក្សប្រឆាំងទេ : វាក្លាយជា “ឧបករណ៍” នៃគណបក្សនយោបាយ ដែលខ្លួនតស៊ូ “ ប្រយុទ្ធ ” ដោយប្រើអាយុជីវិត និងញើសឈាម ប្រជាពលរដ្ឋខ្មែរ ។

II- ការសន្យារបស់យើង
ប្រសិនបើប្រជាពលរដ្ឋខ្មែរអធិបតី លោកសុខចិត្តបោះឆ្នោតនៅឆ្នាំ២០១៨ ដោយមានចំនួន គ្រប់គ្រាន់ជូនសមាជិកនៃ គណបក្សនយោបាយរបស់យើង គឺគណបក្សសង្គមរាស្រ្តរាជាធិប តេយ្យ (ស.រ.រ) ដើម្បីដឹកនាំប្រទេស យើងសូមសន្យា ជាឧឡារិក ដូចតទៅនេះ ៖ ក- នឹងបែងចែកឲ្យដាច់ពីគ្នា នូវអំណាចទាំងបី ទៅតាមច្បាប់ដែលមានចែងក្នុងជំពូកទី៤ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាៈ អំណាចនីតិប្រតិបត្តិ គ្មានអំណាច និងសិទ្ធិជ្រៀត ជ្រែកក្នុងដំណើរការ និងការងារនៃអំណាចដ៏ទៃទៀតនោះឡើយ ។ នីតិប្រតិបត្តិនឹងគ្មានសិទ្ធិ ជ្រៀតជ្រែកចូលក្នុងវិស័យតុលាការឡើយ ។
ខ- គណបក្សរបស់យើងនឹងធានានូវឯករាជ្យពិតប្រាកដ នៃអំណាចទាំងពីរទៀត ជាពិសេស អំណាចតុលាការ ។
គ- ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវតែត្រួតពិនិត្យ និងថែរក្សានូវឯករាជភាពនេះ ។ យើងសូមរំលឹកថា ព្រះករុណា សម្តេចឳ សម្តេចតា សម្តេចតាទួត ជាទីសោកស្តាយយ៉ាងក្រៃ លែងនៃយើង ទ្រង់ពុំបានសព្វព្រះរាជហឬទ័យ ទទួលរ៉ាប់រងនូវភាពជាប្រធាននៃក្រុមប្រឹក្សានេះឡើយ។ ព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យដោយចេតនា ប្រទាននូវ តួនាទីនេះជូនដល់សម្តេច ជា ស៊ីម ដែលជាប្រធានព្រឹទ្ធសភា ។
ឃ- ចៅក្រមទាំងអស់ មុននឹងចូលកាន់តំណែង ជាបឋមត្រូវតែលាឈប់ពីឋានៈជា សមាជិកគណបក្សនយោបាយ ទាំងអស់ ។ នេះជាលក្ខខណ្ឌមួយដែលខានមិនបាន ។
ង- អង្គភាពប្រឆាំងអំពើពុករលួយ ដែលមានជំនួយការដោយអង្គការក្រៅរដ្ឋាភិបាល ត្រូវ តែធានាថា សមាជិកនៃអង្គចៅ ក្រមមិនប្រព្រឹត្តអំពើពុករលួយ។ ក៏ប៉ុន្តែ ប្រាក់បៀវត្សត្រូវតែថួនល្មម និងសមហេតុសមផល ដើម្បីឲ្យចៅក្រមអាចទទួល បន្ទុកបាននូវមុខងារដ៏ធ្ងន់ធ្ងរប្រកប ដោយក្តីថ្លៃថ្នូរ និងសច្ចៈធម៌ ។
យើងគិតឃើញថា ដើម្បីធានាបាននូវការបែងចែកឲ្យដាច់ស្រឡះពីគ្នាយ៉ាងពិតប្រាកដ រវាងអំណាច ឬតួនាទីនៃថ្នាក់ ដឹកនាំរដ្ឋ គឺជាបញ្ហានៃឆន្ទៈនយោបាយនៃអ្នកដែលដឹកនាំកម្ពុជា និងជាពិសេសអ្នកដែលកាន់កាប់ និងគោរពច្បាប់កំពូល នៃប្រទេស : គឺរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ។
ន.រ.
រាជធានីភ្នំពេញ, ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤