គណៈប្រតិភូចិន ចូលក្រាបបង្គំគាល់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច

ដោយ SKP.IT ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥
លោកស៊ិន ជុនយ៉ាវ អគ្គលេខាធិការរង នៃគណះកម្មាធិការអចិន្រ្តៃយ៍ សភាប្រជាជនចិន បានសន្យាថា ប្រទេសចិននៅតែបន្តជួយគ្រប់បែបយ៉ាងទាំង សម្ភារះបច្ចេកទេស ធនធានមនុស្សដល់ គណបក្សហ៊្វុនស៊ិនប៉ិច ហើយ លោកក៏រំពឹងថា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកុម្មុនិស្តចិន នឹងមាន គោលនយោបាយតែមួយ ផងដែរ។ ការអះអាងបែបនេះរបស់លោក ជុនយ៉ាវ គឺបានធ្វើឡើង ក្នុងកិច្ចជំនួបរវាង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះនារាជតំណាក់ព្រះអង្គ នៅរាជធានីភ្នំពេញ។
សម្តេចព្រះប្រធាន បានមានព្រះបន្ទូលលើកឡើងថា សូមអរគុណដល់ប្រទេសចិន មិនថាកាលះទេសះណា នោះទេ ជាពិសេសបក្សកុម្មុយនិស្តចិន នៅតែបន្តគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច ក្រោមការដឹកនាំរបស់ព្រះអង្គ ព្រមទាំងសន្យាទទួលយកសិក្ខាកាម ពីគណបក្សរាជានិយមមួយនេះឲ្យទៅបន្តការសិក្សា និងផ្លាស់ប្តូរ បទពិសោធន៍ពីបក្សកុម្មុយនិស្តចិន ឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។
សម្តេចព្រះប្រធាន បានមានបន្ទូលបន្តទៀតថា ព្រះអង្គ និងប្រមែប្រមូលអ្នករាជានិយម សីហនុនិយម ស្រប់តាមរាជតម្រិះរបស់ ព្រះបិតាឯករាជ្យខ្មែរព្រះបរមរតនកោដ្ឋព្រះ នរោត្តម សីហនុ ដើម្បីឲ្យក្លាយជា កម្លាំងជាតិដោះស្រាយបញ្ហាប្រទេសជាតិជាដើមនោះ។
ជាមួយគ្នានោះព្រះអង្គបានមានបន្ទូលទៀតថា ក្នុងនាមព្រះអង្គជាប្រធាន គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការគាំទ្រដល់បក្សកុម្មុយនិស្តចិនគ្រប់បែបយ៉ាង ទាំងអស់មិនថា គោលនយោបាយចាស់ឬថ្មីក៏ដោយ។
សូមរំលឹកថា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកុម្មុយនិស្តចិន បានចាប់ដៃគ្នាអស់រយះពេលជាយូរណាស់ មកហើយ តាមរយះអតីត ព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ហើយរហូត មកដល់ពេលនេះបើទោះបីគ្មានវត្តមមានរបស់សម្តេចតាសម្តេចតាទូត ក៏ភាគី ចិននៅតែបន្តចាប់ដៃជាមួយ គណបក្សហ៊្វុនស៊ិនប៉ិច ដដែលមិនថាកាលះទេសះ នោះឡើយ៕